នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នៅទូទាំងស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល សរុបចំនួន១៣៩នាក់។ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានបញ្ជាក់អំពីគោលបំណងដែលក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ជួបសំណេះសំណាលនាពេលនេះ គឺដើម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយថ្នាក់ដឹកនាំក្រុង ស្រុក ជាពិសេសអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាលើប្រធានបទ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ,ប្រព័ន្ធគាំពារសង្គម និងវិស័យកសិកម្ម» ព្រមទាំងការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។ក្នុងឱកាសនោះផងដែរ លោកជំទាវ សួស សារ៉ាម សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ក៏បានផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ទាក់ទងប្រធានបទ «ប្រព័ន្ធគាំពារសង្គម» និងប្រធានបទ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ។ទន្ទឹមនឹងនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានឧបត្ថម្ភភេសជ្ជៈ អំណោយនិងថវិកាជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយក្នុងម្នាក់ៗទទួលបានភេសជ្ជៈ អំណោយរបស់អង្គការមូលនិធិសង្គ្រោះជីវិតសកលចំនួន១កញ្ចប់ និងថវិកាមួយចំនួន៕
ប្រភព៖នាយកដ្ឋានព័ត៌មាន